(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកស្រី លៀង ស្រីម៉ុល រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតី បើកវេទិកាថ្នាក់ជាតិលើកទី៦ ស្តីពី «ការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព ឆ្នាំ២០២៥»។ វេទិកានេះធ្វើនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥កន្លងទៅ ដោយមានការអញ្ជើញចូលរួមពីដៃគូអភិវឌ្ឍន៍ និងអង្គការដៃគូប្រមាណ៣០០នាក់។
នៅក្នុងឱកាសនោះលោកស្រី រដ្ឋលេខាធិការ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នាយកដ្ឋានសុខុមាលភាពជនពិការ នៃអគ្គនាយកដ្ឋានស្តារសម្បទា ដែលបានសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដៃគូអភិវឌ្ឍន៍ និងអង្គការដៃគូ រួមមាន៖ អង្គការយូនីសេហ្វ អង្គការ GIZ អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍបរិយាបន្ន អង្គការជនមានពិការភាពសិលាកម្ពុជា អង្គការគ្រួសារថ្មី អង្គការសាលារៀនទន្សាយ អង្គការដំណក់ទឹក អង្គការជនពិការកម្ពុជា និងសមាគមតន្ត្រីសំនៀងជនពិការ រៀបចំវេទិកាថ្នាក់ជាតិនេះឡើង ដែលជាឱកាសដ៏ល្អមួយក្នុងការជួបជុំគ្នា ដើម្បីរួមគ្នាឈានទៅសម្រេចឱ្យខានតែបាននូវលទ្ធផលល្អបំផុតសម្រាប់ទីផ្សារការងារ និងមុខរបរជូនជនមានពិការភាពគ្រប់ប្រភេទ។
ជាមួយគ្នានេះលោកស្រី លៀង ស្រីម៉ុល បានជម្រុញឲ្យមានការលើកកម្ពស់ការយល់ដឹងអំពីឱកាសការងារនិងមុខរបរ ការអភិវឌ្ឍអាជីវកម្ម សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកិច្ចសហប្រតិបត្តិការ ដោយផ្អែកលើការផ្លាស់ប្តូរព័ត៌មានរវាងដៃគូអនុវត្តន៍ គឺជាគំរូនៃការអនុវត្តល្អបំផុតសម្រាប់វិស័យពិការភាព។ ដោយអនុលោមតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានកំណត់យ៉ាងច្បាស់នូវគោលនយោបាយអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដើម្បីធានាបាននូវប្រសិទ្ធភាព និងបរិយាបន្នសម្រាប់ប្រជាជនកម្ពុជាទាំងមូល ក្នុងការលើកកម្ពស់ការកសាង និងអភិវឌ្ឍមូលធនមនុស្ស សុខុមាលភាពរបស់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងងាយរងហានិភ័យ ជាពិសេសការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឈានទៅសម្រេចឱ្យបានជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ដើម្បីរួមចំណែកដល់វេទិកាថ្នាក់ជាតិលើកទី៦ ស្តីពីការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាពឆ្នាំ២០២៥ នេះ លោកស្រី លៀង ស្រីម៉ុល រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្ដល់ជាអនុសាសន៍ចំនួន៥ចំនុច ដើម្បីដៃគូអភិវឌ្ឍន៍អនុត្តន៍បន្ថែមរួមមាន៖
១៖ រួមគ្នាជំរុញ «ឱកាសស្មើគ្នា» សម្រាប់ជនមានពិការភាព ដោយធ្វើបរិយាបន្នជនមានពិការភាពចូលទៅក្នុងទីផ្សារការងារដោយ ភាពគ្មានការរើសអើង។
២៖ ដើម្បីយល់ដឹងឱ្យបានត្រឹមត្រូវអំពីឧបសគ្គការងាររបស់ជនមានពិការភាព ដៃគូអភិវឌ្ឍ និងវិស័យឯកជនគួរចូលរួមកំណត់បញ្ហាប្រឈម ហើយបន្តតាមដាននូវលទ្ធភាពដែលជនមានពិការភាពអាចបម្រើការងារបាន រហូតដល់ពួកគេទទួលជោគជ័យនៅកន្លែងធ្វើការ។
៣៖ យើងត្រូវនាំគ្នាគិតពីទម្រង់ផ្សេងៗនៃបរិស្ថានរូបវ័ន្ត ជាពិសេសផាសុកវត្ថុសមរម្យ នៅកន្លែងធ្វើការរបស់មានជនមានពិការភាព រួមទាំងបរិយាកាសការងារ ការរក្សាការងារ ការបណ្តុះបណ្តាល ការយល់ដឹងអំពីពិការភាព និងការបណ្តុះបណ្តាលវិជ្ជាជីវៈនិងផ្តល់បទពិសោធន៍ការងារដល់ជនមានពិការភាពផងដែរ។
៤៖ បន្តពង្រីក និងពង្រឹងស្មារតីក្នុងការរៀបចំវេទិកាជាតិ «ស្តីពីការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព» ឱ្យបានកាន់តែទូលំទូលាយ។
៥៖ បន្តពង្រឹងកិច្ចសហការ និងភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ដើម្បីបង្កើនឱកាសសេដ្ឋកិច្ចបន្ថែមសម្រាប់ជនមានពិការភាព ព្រមទាំងពង្រឹងភាពអង់អាច និងសមត្ថភាពសមស្របសម្រាប់ជនមានពិការភាព ដើម្បីអាចចាប់យកឱកាសទាំងនោះ ដើម្បីជីវភាពនិងជីវិតឯករាជ្យរបស់ជនមានពិការភាព៕
នៅក្នុងវេទិការនេះផងដែរ អង្គការជនពិការកម្ពុជា ត្រូវបានគាំទ្រដោយ រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍប្រកបដោយភាពធន់ (CAPRED) អនុវត្តដោយអង្គការជនពិការកម្ពុជា បានអញ្ជើញជនមានពិការភាពចំនួន ៣០នាក់ ដើម្បីចូលរួម ក៏ដូចជាទស្សនាការដាក់តាំងពិពណ៌ ការងារ និងផលិតផល ដែលមានទីតាំងស្ថិតនៅ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។



















