ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ តំណាងអង្គការជនពិការកម្ពុជា បានចូលរួមជាគណៈធិបតីក្នុងពិធីដាក់ឱ្យដំណើរការ រថយន្តក្រុងសាធារសម្រាប់ជនមានពិការភាព ចំនួន ២គ្រឿងនៅរាជធានីភ្នំពេញ ក្រោយការចូលរួមពី លោក កែវ ចាន់ណារិទ្ធ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus ) រាជធានីភ្នំពេញ តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី Meloney Lindberg តំណាងប្រចាំប្រទេសរបស់អង្គការមូលនិធិអាស៊ី។

គម្រោងស្ដីពី “បរិយាបន្នពិការភាព ក្នុងប្រព័ន្ធរថយន្តសាធារណៈនៅរាជធានីភ្នំពេញ” ជាការសហការរវាងអគ្គនាយកដ្ឋានដឹកជញ្ជូនសាធារណៈនៃក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT), រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ ថយន្តក្រុង និងអង្គការជនពិការកម្ពុជា (CDPO)។ គម្រោងនេះមានគោលបំណងពង្រឹងសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង សម្រាប់សម្រួលដល់ការធ្វើដំណើររបស់ជនមានពិការភាពក្នុងរាជធានីភ្នំពេញ។ គម្រោងនេះបានអនុវត្តដោយអង្គការមូលនិធិអាស៊ី (The Asia Foundation) ក្នុងឆ្នាំ ២០២៤–២០២៥។

គម្រោងនេះត្រូវបានឧបត្ថម្ភដោយមូលនិធិ Ford Foundation និងអនុវត្តដោយអង្គការមូលនិធិអាស៊ី (The Asia Foundation) ។ បច្ចុប្បន្ននេះ រថយន្តដែលបានកែសម្រួលទាំងពីរគ្រឿងដោយមានបំពាក់បរិក្ខារសម្ភារប្រើថ្មី បានដំណើរការសាកល្បងជោគជ័យ ព្រមទាំងត្រៀមដាក់ដំណើរការផ្លូវការនៅតាមបណ្ដាញខ្សែរផ្លូវ 2A។

កម្មវិធីនេះមានគោលបំណង៖ ពិធីបើកឱ្យដំណើរការរនេះ នឹងជួយផ្សព្វផ្សាយអំពីសេវារថយន្តក្រុងសម្រាប់អ្នកដំណើរដែលមានពិការភាព ដោយមានការសហការជាមួយរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈថយន្តក្រុងក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះនឹងមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសប្រហែល ៨០នាក់ ដែលតំណាងឱ្យអង្គការដៃគូ ជនមានពិការភាព និងស្ថាប័នរដ្ឋាភិបាល។















