(ភ្នំពេញ)៖ នៅថ្ងៃអង្គារ ទី៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ២០២១ អង្គការជនពិការកម្ពុជា ដែលមានការសម្របសម្រួល គាំទ្រដោយកម្មវិធី ACCESS បានរៀបចំ កិច្ចសន្ទនារវាងអ្នកររៀបចំគោលនយោបាយ និងបណ្ដាញអង្គការតំណាងជនមានពិការភាព ស្ដីពី« តួនាទីរបស់អង្គការដំណាងនិងការចូលរួមចំណែកដល់ការអនុវត្តកម្មវិធីកិច្ចគាំពារសង្គម» តាមរយៈកម្មវិធី Zoom។
ក្នុងគោលបំណង
១. រាយការណ៍ពីកត្តាប្រឈមនិងកត្តាសម្របសម្រួលទាក់ទងនឹងលទ្ធភាពជនមានពិការភាពក្នុងការទទួល
បានការគាំទ្រ ផ្នែកកិច្ចគាំពារសង្គម ដែលទទួលបានពីកិច្ចប្រជុំបណ្តាញអង្គការតំណាងជនពិការ ដោយផ្តោតជាពិសេសលើការទទួលបាន៖
– ការឧបត្ថម្ភរបបគោលនយោបាយជនមានពិការភាពក្រីក្រតាមសហគមន៍
– ការទទួលបានប័ណ្ណសមធម៌/ក្រីក្រ និងប័ណ្ណសម្គាល់ជនមានពិការភាព
– ការទទួលបានការឧបត្ថម្ភតាមរយៈកម្មវិធីផ្ទេរសាច់ប្រាក់ក្នុងកំឡុងពេល កូវីដ-១៩ រួមទាំងការគាំទ្រទាក់ទងនឹងគ្រោះទឹកជំនន់
២. តួនាទីរបស់អង្គការតំណាងក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ ទាក់ទងនឹងកម្មវិធីគាំពារសង្គម និងបទអន្តរាគមន៍ផ្សេងទៀត រួមទាំងការងារទាក់ទងនឹងជំងឺកូវីដ -១៩ និងគ្រោះមហន្តរាយដោយទឹកជំនន់
៣. ទទួលនូវការណែនាំនិងអនុសាសន៍ពីថ្នាក់ដឹកនាំ/អ្នករៀបចំគោលនយោបាយសម្រាប់ការគាំទ្រដល់ជនមានពិការភាព នាពេលខាងមុខ។ដែលមានអ្នកចូលរួមពីតំណាងអង្គការតំណាងជនមានពិការភាព និងវេទិកាស្រី្តមានពិការភាព តំណាងស្ថាប័នរដ្ឋាភិបាល និងអង្គការដៃគូអភិវឌ្ឍផ្សេងទៀត សរុបប្រមាណ៩០នាក់ ។
សិក្ខាសិលានេះអញ្ចើញចូលរួមជាអណៈធិបតី ឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានិងជាប្រធានអនុគណៈកម្មការជំនួសង្គម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តម បានមានប្រសាសន៍ដ៏មានសារៈសំខាន់ និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការជម្រុញគិតគូដល់វិស័យពិការភាព និង ការធ្វើអោយកិច្ចគាំពារសង្គមមានបរិយាបន្ន។ ហើយជាងនេះទៅទៀត ក៏មានតំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា គឺលោកស្រី Sarah Wadley លេខាទី១ នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានមានមតិស្វាគមន៍ និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូ ស្ត្រាលីក្នុងការបន្តកិច្ច សហប្រតិបត្តិការ ក្នុងការជម្រុញគាំទ្រវិស័យពិការភាព និង ការធ្វើអោយកិច្ចគាំពារសង្គមមានបរិយាបន្ន។ ក្នុងនោះផងដែរ លោកស្រី ម៉ាក់ ម៉ូនីកា នាយិកាអង្គការជនពិការកម្ពុជា ក៏បានមានមតិស្វាគមន៍ដ៏មានសារៈសំខាន់ និងជាតំណាងអោយសម្លេងអង្គការតំណាង ទូទាំងប្រទេសផងដែរ។